តើម៉ាកគឺជាអ្វី?
តើម៉ាកគឺជាអ្វី?
ម៉ាកគឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវាកម្មនៃសហគ្រាសនីមួយៗ ។ ម៉ាកដែលប្រើប្រាស់សម្រាប់ទំនិញហៅថា ម៉ាកពាណិជ្ជសញ្ញា ហើយម៉ាកសម្រាប់សេវាកម្មហៅថា សេវាបញ្ញា។
ម៉ាកមានច្រើនប្រភេទដូចជា៖
- ម៉ាកជាពាក្យ
- ម៉ាកជារូបសញ្ញា
- ម៉ាកជាអក្សរ
- ម៉ាកជានិមិត្តសញ្ញា
- ម៉ាកជាលេខ
- ម៉ាកជាស្លាកសញ្ញា
- ម៉ាកជាការរួមគ្នានៃពាក្យនិងលេខ
- ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា
- ម៉ាកជាពណ៍
- ម៉ាកអាចជាពណ៍ច្រើនចម្រុះរួមគ្នា
- ម៉ាកជាឈ្មោះ
- ម៉ាកជាសញ្ញាដែលមើលឆ្លុះ៣ជ្រុង
- ម៉ាកជាហត្ថលេខា
ម៉ាកអាចមានលក្ខណៈជា ពាក្យ អក្សរ រូបភាព រូបសញ្ញា (ឡូហ្គោ) និមិត្តសញ្ញា ពណ៍ បង្គុំនៃពណ៍ឬបង្គុំនៃសញ្ញា។ មិនម៉េនគ្រប់ម៉ាកទាំងអស់ សុទ្ធតែអាចចុះបញ្ជីដើម្បីទទួលបានការការពារនោះទេ។
តាមមាត្រា៤នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជកម្មនាម និងអំពើនៃ ការប្រកួតប្រជែងមិនស្មោះត្រង់កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបានដូចខាងក្រោម៖
ក. ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវា របស់សហគ្រាសមួយទៅសហគ្រាសមួយផ្សេងទៀត
ខ. ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ សីលធម៍ ឬប្រពៃណីល្អរបស់ជាតិ។
គ. ម៉ាកដែលនាំឲ្យសាធារណៈជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រលំទៅនិងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ពន្ធ័ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
ឃ. ម៉ាកដែលដូចគ្នានឹងឬធ្វើត្រាប់តាម ឬមានចំនុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្ការ អន្តរជាតិរដ្ឋាភិបាល ឬអង្ការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាត្តពីអជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះឬអង្ការនោះ។
ង. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រលំនឹងម៉ាកឬពាណិជ្ជកម្មនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជកម្មនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
ច. ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នាដែលនាំឲ្យភាន់ច្រលំនិងម៉ាកពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាកម្មដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះធ្វើឲ្យខូចប្រយោជន៍ដល់ម្ចាស់ម៉ាកដែលល្បីនោះ។
ឆ. ម៉ាកដែលដូច ឬស្ទើតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើរសុំចុះបញ្ជីមុន ឬទទួលបានអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាកម្មដូចគ្នាឬទំនិញនិងសេវាកម្មដែលពាក់ពន្ធ័គ្នាយ៉ាងជិតស្និទ្ធិ។
ឆ. ម៉ាកដែលដូច ឬស្ទើតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើរសុំចុះបញ្ជីមុន ឬទទួលបានអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាកម្មដូចគ្នាឬទំនិញនិងសេវាកម្មដែលពាក់ពន្ធ័គ្នាយ៉ាងជិតស្និទ្ធិ។
សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកដូចខាងក្រោម៖
ក. ចំពោះម៉ាកដែលទាក់ទងនិងទំនិញឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាក់នោះ ដោយជនមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ដើមជាមុនសិន។
ខ. ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនិងជនណាម្នាក់ដែលប្រើប្រាស់ដោយរំលោភទៅនិងម៉ាករបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹង ផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនិងទំនិញ និងសេវាកម្មនៃម៉ាកដែលបានចុះបញ្ជីរួចហើយដែលបណ្តាលឲ្យមានការភាន់ច្រលំជាសារធារណៈ។
គ. សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជី ម៉ាកនិងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះ។
រយៈពេលការពារនៃម៉ាក
ម៉ាកដែលបានចុះបញ្ជីហើយមានសុពលភាព១០ឆ្នាំចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យចុះបញ្ជី។
តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសារជាថ្មីសម្រាប់រយៈពេល១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មី។
Comments